1 John 4

1បងប្អូនជា​ទីស្រលាញ់អើយ​!​​សូម​កុំជឿគ្រប់វិញ្ញាណ​ពេក​ចូរ​ពិសោធវិញ្ញាណទាំងនោះ​ដើម្បី​ឲ្យ​ដឹង​ថា​មកពីព្រះជាម្ចាស់​មិន​មែនពីព្រោះ​មាន​អ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើន​បាន​ចេញ​ទៅ​ក្នុងពិភពលោកនេះហើយ 2យើងស្គាល់វិញ្ញាណ​របស់​ព្រះជាម្ចាស់បានដោយ​របៀប​នេះ​គឺ​វិញ្ញាណទាំងឡាយណាដែលទទួលស្គាល់​ថា​ព្រះ​យេស៊ូគ្រិស្ដ​បាន​យាងមកក្នុងសាច់ឈាម​វិញ្ញាណ​នោះ​ហើយ​ដែល​មកពីព្រះជាម្ចាស់ 3ប៉ុន្ដែវិញ្ញាណទាំងឡាយ​ណា​ដែលមិនទទួលស្គាល់​ព្រះ​យេស៊ូ​វិញ្ញាណ​នោះ​មិន​មែន​មក​ពីព្រះជាម្ចាស់​ទេ​គឺជា​វិញ្ញាណរបស់​អ្នក​ប្រឆាំងព្រះគ្រិស្ដដែល​អ្នករាល់គ្នា​បាន​ថា​នឹង​មកឥឡូវនេះ​គេ​នៅក្នុងពិភពលោកនេះស្រាប់ហើយ 4កូនតូចៗ​អើយ​!​​អ្នករាល់គ្នាមកពីព្រះជាម្ចាស់ហើយ​អ្នករាល់គ្នា​ក៏​ឈ្នះពួកគេ​ដែរ​ព្រោះ​ព្រះអង្គ​ដែលគង់នៅក្នុងអ្នករាល់គ្នា​ធំ​ជាង​ម្នាក់​ដែលនៅក្នុងលោកិយនេះ 5ពួកគេមកពីលោកិយបានជានិយាយ​រឿង​របស់​លោកិយហើយលោកិយ​ក៏​ស្ដាប់ពួកគេ​ដែរ។ 6រីឯយើង​វិញ​យើង​មកពីព្រះជាម្ចាស់​ហើយ​អ្នកណា​ដែល​ស្គាល់ព្រះជាម្ចាស់​អ្នកនោះ​ក៏​ស្ដាប់យើង​ដែរ​ប៉ុន្ដែ​អ្នកណា​ដែល​មិនមកពីព្រះជាម្ចាស់​អ្នកនោះ​មិនស្ដាប់យើងឡើយ​ដូច្នេះ​ហើយ​បានជា​យើង​ស្គាល់វិញ្ញាណ​នៃ​សេចក្ដីពិតនិងវិញ្ញាណ​នៃ​ការបោកប្រាស់ 7បងប្អូនជា​ទីស្រលាញ់អើយ! ​ចូរ​ឲ្យ​យើង​ស្រលាញ់គ្នា​ទៅវិញ​ទៅមកដ្បិត​សេចក្ដី​ស្រលាញ់មកពីព្រះជាម្ចាស់ហើយអស់អ្នក​ដែល​មាន​សេចក្ដី​ស្រលាញ់​នោះ​កើតមកពីព្រះជាម្ចាស់ព្រមទាំងស្គាល់ព្រះជាម្ចាស់ដែរ 8ប៉ុន្ដែអ្នកណា​ដែល​គ្មាន​សេចក្ដី​ស្រលាញ់​នោះ​មិនស្គាល់ព្រះជាម្ចាស់ទេព្រោះព្រះជាម្ចាស់ជា​សេចក្ដី​ស្រលាញ់ 9ព្រះជាម្ចាស់បានបង្ហាញ​សេចក្ដី​ស្រលាញ់​របស់​ព្រះអង្គដល់យើងតាមរយៈ​ការ​នេះគឺ​ព្រះអង្គ​បាន​ចាត់​ព្រះ​រាជ​បុត្រាតែមួយ​របស់​ព្រះអង្គ​ឲ្យ​មកក្នុងពិភពលោកនេះដើម្បី​ឲ្យ​យើង​មាន​ជីវិតដោយសារព្រះរាជបុត្រា​នោះ។ 10សេចក្ដីស្រលាញ់គឺបែបនេះគឺមិន​មែន​យើងទេ​ដែល​បាន​ស្រលាញ់ព្រះជាម្ចាស់ប៉ុន្ដែព្រះជាម្ចាស់ទេ​តើដែល​បាន​ស្រលាញ់យើងហើយ​បាន​ប្រទាន​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ​ធ្វើ​ជា​យញ្ញបូជាប្រោសលោះសម្រាប់បាប​របស់​យើង 11បងប្អូនជា​ទីស្រលាញ់អើយ​!​​បើព្រះជាម្ចាស់ស្រលាញ់យើងដល់ម្ល៉េះយើងក៏ត្រូវស្រលាញ់គ្នា​ទៅវិញ​ទៅមកដែរ 12គ្មានអ្នកណា​ធ្លាប់ឃើញព្រះជាម្ចាស់ឡើយ​ប៉ុន្ដែ​បើ​យើង​ស្រលាញ់គ្នា​ទៅវិញ​ទៅមក​នោះ​ព្រះជាម្ចាស់គង់នៅក្នុងយើងហើយ​សេចក្ដី​ស្រលាញ់របស់ព្រះអង្គ​បាន​គ្រប់លក្ខណ៍នៅក្នុងយើង 13ដោយរបៀប​នេះ​យើង​ដឹងថា​យើង​នៅជាប់នឹងព្រះអង្គហើយព្រះអង្គ​ក៏​​នៅ​ជាប់​នឹងយើង​ដែរ​ព្រោះ​ព្រះអង្គ​បាន​ប្រទាន​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ​ដល់​យើង 14ហើយយើង​ក៏​បាន​ឃើញទាំងធ្វើបន្ទាល់ថា​ព្រះ​វរ​បិតា​បាន​ចាត់​ព្រះ​រាជ​បុត្រាឲ្យមក​ធ្វើជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្សលោក 15អ្នកណាដែលទទួលស្គាល់ថា​ព្រះ​យេស៊ូជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ព្រះជាម្ចាស់គង់នៅក្នុង​អ្នកនោះ​ហើយអ្នកនោះ​ក៏​នៅក្នុងព្រះជាម្ចាស់​ដែរ។ 16យើងបាន​ស្គាល់ព្រមទាំង​បាន​ជឿ​លើ​សេចក្ដីស្រលាញ់ដែលព្រះជាម្ចាស់មានដល់យើង។ ​ព្រះជាម្ចាស់ជា​សេចក្ដី​ស្រលាញ់រីឯអ្នកណា​ដែល​នៅជាប់ក្នុង​សេចក្ដី​ស្រលាញ់​អ្នកនោះ​ក៏​នៅជាប់នឹងព្រះជាម្ចាស់ហើយព្រះជាម្ចាស់​ក៏​គង់នៅក្នុងអ្នកនោះដែរ 17ដោយរបៀប​នេះ​សេចក្ដី​ស្រលាញ់​បាន​គ្រប់លក្ខណ៍នៅក្នុងយើងដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាននៅថ្ងៃជំនុំជម្រះដ្បិតដែលព្រះអង្គជាយ៉ាងណាយើងក៏​ដូច​ជា​ព្រះអង្គ​ដែរនៅក្នុងលោកិយនេះ 18នៅក្នុងសេចក្ដី​ស្រលាញ់គ្មាន​សេចក្ដី​ភ័យខ្លាចឡើយដ្បិត​សេចក្ដី​ស្រលាញ់​ដែល​គ្រប់លក្ខណ៍កម្ចាត់​សេចក្ដី​ភ័យខ្លាចពីព្រោះ​សេចក្ដី​ភ័យខ្លាច​ជាប់​មានការដាក់ទោសដូច្នេះអ្នកណា​ដែល​មាន​សេចក្ដី​ភ័យខ្លាច​អ្នកនោះ​មិន​ទាន់​គ្រប់លក្ខណ៍នៅក្នុង​សេចក្ដី​ស្រលាញ់ទេ 19រីឯយើងវិញ​យើង​ស្រលាញ់ដោយព្រោះព្រះអង្គស្រលាញ់យើងជាមុន 20បើអ្នកណានិយាយថា​ខ្ញុំ​ស្រលាញ់ព្រះជាម្ចាស់ប៉ុន្ដែស្អប់បងប្អូន​របស់​ខ្លួន​អ្នកនោះ​ជា​អ្នក​កុហក​ហើយ​ដ្បិតអ្នក​ដែល​មិនស្រលាញ់បងប្អូនដែល​ខ្លួន​មើលឃើញ​នោះ​មិនអាចស្រលាញ់ព្រះជាម្ចាស់ដែល​ខ្លួន​មើលមិនឃើញបានឡើយ 21នេះជា​បញ្ញត្ដិ​ដែល​យើង​បាន​ទទួលពីព្រះអង្គ​មក​គឺ​អ្នកណា​ដែល​ស្រលាញ់ព្រះជាម្ចាស់​នោះ​ត្រូវ​ស្រលាញ់បងប្អូន​របស់​ខ្លួនដែរ
Copyright information for KhmKCB